គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ចិន និងអង្គការសហប្រជាជាតិរួមគ្នាវិនិយោគលើការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តនៅកម្ពុជា

កាលបរិច្ឆេទ: ០៨ កក្កដា ២០២១ / សុខភាព

ជាមួយនឹងជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដែលផ្តល់ដោយរដ្ឋាភិបាលប្រទេសចិនតាមរយៈមូនិធិជំនួយដល់កិច្ចសហប្រតិបត្តិការភាគខាងត្បូង និងខាងត្បូង សហការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ក្រសួងសុខាភិបាលបានបង្កើតគម្រោងថ្មីមួយសំដៅជួយដល់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងសំណល់បរិក្ខាពេទ្យឲ្យមានប្រសិទ្ធភាពក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩ និងទៅថ្ងៃអនាគត។ នេះបើតាមការចុះផ្សាយរបស់កាសែត lepetitjournal.cambodge.។

គម្រោងនេះនឹងត្រូវអនុវត្តនៅតាមទីតាំងចំនួនបីដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅទីក្រុងភ្នំពេញ។ នៅក្នុងគម្រោង មានការបំពាក់គ្រឿងបរិក្ខាសម្រាប់ការប្រមូលសម្រាប់ការញែក និងសម្រាប់ដំណើរការប្រេព្រឹត្តកម្មកាកសំណល់ គ្រឿងបរិក្ខាសម្រាប់ការពារបុគ្គល ពង្រឹកសមត្ថភាព​ និងវគ្គបណ្តុះបណ្តាលដើម្បីឲ្យអ្នកធ្វើការក្នុងវិស័យសុខាភិបាល និងអ្នកប្រមូលសំរាមគ្រប់គ្រងកាកសំណល់រឹងដែលអាចបង្កឲ្យឆ្លងមេរោគ និងទឹកមិនស្អាតបានត្រឹមត្រូវប្រកបដោយសុវត្ថិភាព។

គម្រោងក៏តម្រូវឲ្យមានការចូលរួមពីសំណាក់សហគមន៍ដែលរស់នៅតាមខេត្តក្រុងផងដែរ ដើម្បីធានាឲ្យបានថាកាកសំណល់ដែលមានមេរោគត្រូវបានវេចខ្ចប់ត្រឹមត្រូវ ដើម្បីការពារ និងកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថាន។ លោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖​ «ការធានាថាខេត្តក្រុងទាំងអស់អាចគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តបានត្រឹមត្រូវប្រកបដោយសុវត្ថិភាពក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវិដ១៩នេះគឺជាគន្លឹះយ៉ាងសំខាន់សម្រាប់ការខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុស និងផលប៉ះពាល់ដែលបង្កឡើងដោយសារវីរុសនេះទៅលើប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ»៕